ទាន់ចោរមែន! តែអ្នកណាហ៊ាន បើកាណុងកាំភ្លើងតម្រង់ជីវិតទៅហើយ
រាជធានីភ្នំពេញ ៖ មុខសញ្ញាចោរ២នាក់ប្រដាប់ដោយអាវុធខ្លី១ដើមបានចូលទៅកាច់សោ.កម៉ូតូ១គ្រឿង ដែលម្ចាស់បញ្ឈរទុកនៅមុខផ្ទះ ពេលនោះត្រូវបានម្ចាស់ឃើញទាន់ខណៈដែលក្រុមចោរកំពុងឡើងជិះម៉ូតូ ក៏បានស្រែកឆោឡោ និងស្ទុះទៅចាប់ទាញកាច់ផ្តួល ។ ប៉ុន្តែភ្លាមនោះចោរម្នាក់បានដកកាំភ្លើងខ្លីពីចង្កេះភ្ជង់គំរាមបាញ់សម្លាប់ចោលបើសិនជាមិនស្តាប់ ដែលជាហេតុធ្វើឱ្យបុរសម្ចាស់ម៉ូតូភិតភ័យព្រលឹងចុងសក់ស្ទើរហោះចេញពីខ្លួន ដោយមិនហ៊ានរឹងទទឹងនឹងចុងអាវុធរបស់ចោរទេ ហើយបន្ទាប់មកចោរបានលើកយកម៉ូតូរបស់គាត់ជិះគេចខ្លួនចេញទៅតាមសម្រួល ។ នៅពេលក្រុមចោរជិះចេញផុតពីផ្ទះគាត់បានបន្តិច ក៏ជ្រុលទៅបុកជាមួយម៉ូតូអ្នកដំណើរ១គ្រឿងទៀតបណ្ដាលឱ្យដួលច្រងាប់ច្រងិល ប៉ុន្តែចោរនៅតែមិនបានបោះបង់ចោលម៉ូតូដែលលួចនេះទេ ក៏បានលើកយកជិះគេចខ្លួនបាត់ស្រមោល ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី៣ មករា នៅក្នុងបរិវេណផ្ទះមួយកន្លែងដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
មុខសញ្ញាចោរនោះមានគ្នា២នាក់ ស្លៀកពាក់ស៊ីវិលពាក់មួកសុវត្ថិភាពទាំង២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមធុនសេ១២៥ ពណ៌ខ្មៅ និងប្រដាប់កាំភ្លើងខ្លី១ដើម ។ ដោយឡែកបុរសម្ចាស់ម៉ូតូឈ្មោះ គង ជី អាយុ៥១ឆ្នាំ ប្រកបរបររត់ម៉ូតូឌុប មានទីលំនៅកន្លែងកើតហេតុខាងលើ។ គាត់បានបាត់បង់ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមធុនសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១GP-៥១៣៩ ។
ម្ចាស់ម៉ូតូបាននិយាយថា នៅមុនពេលកើតហេតុគាត់បានទុកម៉ូតូនៅក្នុងបរិវេណផ្ទះ ដោយបានចាក់សោត្រឹមត្រូវមិនហ៊ានធ្វេសប្រហែសទេ ព្រោះគាត់បានមើលព័ត៌មានតាមរយៈសារព័ត៌មាននានាជាច្រើនបានដឹងថា ការទុកម៉ូតូមិនមានការប្រុងប្រយ័ត្នបានធ្វើឱ្យមបាត់បង់ច្រើនណាស់មកហើយ ។
បន្ទាប់ពីទុកដាក់ម៉ូតូរួច គាត់បានចូលទៅដាំបាយនៅក្នុងផ្ទះដូចធម្មតា ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញមនុស្សប្រុស២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម១គ្រឿងទៅឈប់នៅមុខផ្ទះរបស់គាត់ ហើយជនម្នាក់ដែលជិះពីក្រោយ បានចុះដើរចូលទៅធ្វើសកម្មភាពកាច់សោ.កម៉ូតូរបស់គាត់បានសម្រេច រួចចោរបានឡើងជិះបំណងគេចខ្លួន ។ ពេលនោះគាត់បានរត់ទៅចាប់ទាញបណ្តាលឱ្យដួលម៉ូតូ ហើយគាត់ប្រុងដណ្ដើមយកម៉ូតូមកវិញ ប៉ុន្តែចោរម្នាក់ទៀតដែលនៅចាំផ្លូវបានដកកាំភ្លើងខ្លីពីចង្កេះភ្ជង់គំរាមបាញ់សម្លាប់បើហ៊ាននៅរឹងទទឹង ទើបគាត់ដកថយទាំងព្រលឹងចុងសក់ មិនហ៊ានតដៃឡើយ ។
ប្រភពដដែលបានបន្តទៀតថា ពេលនោះគាត់ភ័យខ្លាំងណាស់ ចំណែកពួកចោរបន្ទាប់ពីយកម៉ូតូជិះចេញផុតពីផ្ទះគាត់បន្តិចក៏បានជ្រុល ទៅបុកជាមួយម៉ូតូអ្នកដំណើរតាមផ្លូវបណ្ដាលឱ្យដួលម្ដងទៀត តែមិនមានរងរបួសទេ ដោយសារតែចោរមិនចង់ប្រើពេលវេលាយូរខ្លាចរត់មិនរួច ក៏បានលើកម៉ូតូជិះគេចខ្លួនបន្តទៀតដោយសុវត្ថិភាព ។ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍កាកាប១បានចុះទៅកាន់កន្លែងកើតហេតុសាកសួរជនរងគ្រោះ ប្រមូលព័ត៌មានដើម្បីកសាងសំណុំរឿងតាមជំនាញ ព្រមទាំងបានឆែកមើលកាមេរ៉ាសុវត្ថិភាពផ្ទះអ្នកជិតខាង និងបានឃើញពីសកម្មភាពនិងភិនភាគរបស់ចោរផងដែរ ហើយនគរបាលកំពុងធ្វើការស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនចោរប្រដាប់អាវុធខាងលើនេះ ។ នគរបាលបានចាត់ទុកថា ក្រុមចោរខាងលើនេះ មិនមែនត្រឹមតែធ្វើសកម្មភាពលួចមួយមុខប៉ុណ្ណោះទេ គឺជាមុខសញ្ញាប្លន់តែម្ដង ពួកនេះចេញធ្វើសកម្មភាពបើមានឱកាសលួចបានគឺលួច ប៉ុន្តែបើគ្មានឱកាសលួចទេ គឺប្លន់យកតែម្ដង ហើយប្រសិនបើម្ចាស់តដៃអាចនឹងបាញ់សម្លាប់ចោលថែមទៀត ៕
ប្រភព : kohsantepheapdaily

ទាន់ចោរមែន! តែអ្នកណាហ៊ាន បើកាណុងកាំភ្លើងតម្រង់ជ...
រាជធានីភ្នំពេញ ៖ មុខសញ្ញាចោរ២នាក់ប្រដាប់ដោយអាវុធខ
ពលករខ្មែរនៅថៃរិះគន់លោក ហ៊ុន សែន ដែលនៅតែមិន...
ដោយ អាស៊ីសេរី2020-02-11