តើគួរចាប់ផ្ដើមអាជីវកម្មយ៉ាងណាដើម្បីឱ្យមានឥទ្ធិពលលើទីផ្សារ?
តើគួរចាប់ផ្ដើមអាជីវកម្មយ៉ាងណាដើម្បីឱ្យមានឥទ្ធិពលលើទីផ្សារ?
ការបង្កើតអាជីវកម្ម គឺជារឿងមួយដ៏លំបាក ឯការរក្សាស្ថិរភាពក្រុមហ៊ុន/អាជីវកម្មឱ្យមានចីរភាពជារឿងមួយកាន់តែលំបាកទៅទៀត។ ដើម្បីឱ្យអាជីវកម្មអាចឈរជើងបានយូរអង្វែង និងបន្តការរីកចម្រើនធំធាត់ទៅមុខបាននោះ ពុំមែនជារឿងងាយស្រួលនោះទេ ហើយវាកាន់តែពិបាកសម្រាប់សហគ្រិនទើបតែប្រលូកក្នុងវិស័យជំនួញដែលពុំសូវមានចំណេះដឹង និងបទពិសោធន៍ជាដើម តែក៏ពុំអាចសន្និដ្ឋានថា ពួកគេមិនអាចធ្វើអាជីវកម្មបាននោះដែរ។
ដើម្បីធ្វើឱ្យអាជីវកម្មមានឥទ្ធិពលលើទីផ្សារ ឈរជើងបានយូរ និងបន្តការរីកចម្រើន យើងគួរសិក្សាទៅលើកត្តាសំខាន់ៗយ៉ាងហោចណាស់៧ចំណុចដែរ ដែលកត្តាទាំងនោះរួមមាន តាំងធ្វើអាជីវកម្មល្អ ជំនាញ (ជំនាញរឹង១៥% ជំនាញទន់៨៥%) ការគ្រប់គ្រងធនធានមនុស្ស និងប្រព័ន្ធហិរញ្ញវត្ថុត្រឹមត្រូវ ទំនាក់ទំនងសាធារណៈ(អតិថិជនគោលដៅ) តម្រូវការ ដៃគូប្រកួតប្រជែង និងស្ថិរភាពនយោបាយជាដើម។
អ្នកចាប់ផ្តើមអាជីវកម្មគួរសម្លឹងមើលអាជីវកម្មណាដែលថ្មីហើយប្លែក តែមិនគួរសម្លឹងមើលប្រភេទអាជីវកម្មដែលគេកំពុងជោគជ័យភ្លូកទឹកភ្លូកដីរួចហើយនោះទេ។ អ្វីដែលអ្នកប្រកបអាជីវកម្មត្រូវធ្វើដំបូងដោយមិនអាចនៅស្ងៀមមួយកន្លែងបាននោះ គឺត្រូវសិក្សាជ្រើសរើសទីតាំង និងតម្រូការទីផ្សារ ថាតើទីតាំងដែលយើងនឹងជ្រើសរើសនោះសមប្រកបឬអត់ ហើយអ្នករស់នៅតំបន់មានតម្រូវការអ្វីជាងគេ។ ប្រសិនជាសិក្សាទៅឃើញថា ទីផ្សារកំពុងតែមានតម្រូវការខ្ពស់ នោះជាឱកាសដែលអ្នកគួរតែបើកអាជីវកម្មនោះហើយ។
ទន្ទឹមនឹងនោះ អ្នកក៏មិនគួរភ្លេចដោយមើលរំលងពីការរក្សាគុណភាពនោះដែរ ព្រោះថាការរក្សាគុណភាព ជាកត្តាចាំបាច់បំផុតដែលអ្នកត្រូវតែយកចិត្តទុកដាក់ធ្វើឱ្យបានល្អ។ ការធ្វើយ៉ាងនេះគឺដើម្បីពង្រឹងក្រុមហ៊ុនឱ្យរឹតតែរឹងមាំ។ ក៏ប៉ុន្តែ ម្ចាស់អាជីវកម្មក៏ត្រូវដឹងដែរថា តើទីតាំងនោះផ្តោតសំខាន់ទៅលើបរិមាណ ឬមួយគុណភាព ដើម្បីងាយស្រួលក្នុងការកំណត់តម្លៃផលិតផល។
ចំណុចសំខាន់មួយទៀត គឺការគ្រប់គ្រងហិរញ្ញវត្ថុ។ មុននឹងធ្វើអាជីវកម្ម ត្រូវដឹងជាមុនសិនថា តើហិរញ្ញវត្ថុយើងមានគ្រប់គ្រាន់ហើយឬនៅ សម្រាប់ការទប់ទល់ទៅនឹងហានិភ័យ ក៏ដូចជាការពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួន? ប្រសិនបើមិនទាន់មានគ្រប់គ្រាន់ទេ ម្ចាស់អាជីវកម្មត្រូវមានសិល្បៈទំនាក់ទំនងល្អ ដើម្បីកៀរគរហិរញ្ញវត្ថុបន្ថែមក្នុងការពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរីកធំធាត់ឡើង។
ទន្ទឹមនឹងការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងធនធានមនុស្សក៏ជារឿងមិនអាចខ្វះបានដែរ ព្រោះអាជីវកម្មអាចដួលរលំ ឬជោគជ័យ គឺអាស្រ័យលើការគ្រប់គ្រងធនធានមនុស្សនេះហើយ។ ម្ចាស់អាជីវកម្មដែលជោគជ័យឱ្យតម្លៃលើបុគ្គលិកខ្លាំង ចាត់ទុកបុគ្គលិកជាអ្នកបម្រើសេវាកម្ម ពុំមែនចាត់ទុកបុគ្គលិកជាខ្ញុំកញ្ជះនោះឡើយ។ អ្នកផ្តល់តម្លៃដល់បុគ្គលិកត្រឹមជាខ្ញុំបម្រើ ហើយមិនដែលខ្វល់ មិនគិតគូរពីប្រាក់បៀវត្សសមរម្យ ឬក៏គិតថាដេញចេញពេលណាក៏បាននោះ អាជីវកម្មរបស់អ្នកនឹងមិនអាចឈរជើងបានយូរអង្វែងឡើយ។ ផ្ទុយទៅវិញ បើអ្នកចាត់ទុកបុគ្គលិកជាកវែកកឆ្នាំង និងផ្តល់ចំណេះដឹងការងារដល់ពួកគេ នោះពួកគេនឹងខិតខំធ្វើការអស់ពីសមត្ថភាពដែលខ្លួនមានយ៉ាងប្រាកដ។ លើសពីនេះទៅទៀត ម្ចាស់ក្រុមហ៊ុនត្រូវជ្រើសរើសបុគ្គលិកណាដែលមានចំណេះដឹង មានជំនាញ និងមានក្រមសីលធម៌ខ្ពស់ ដោយចៀសវាងការជ្រើសរើសបុគ្គលិកតាមរយៈបក្សពួកនិយម។ ការផ្តល់អត្ថប្រយោជន៍បន្ថែមជូនដល់បុគ្គលិក ក៏ជាកត្តាសំខាន់ផងដែរ។
ចំណុចចុងក្រោយ បន្ទាប់ពីអាជីវកម្មដំណើរការទៅមុខដោយរលូនហើយ ម្ចាស់អាជីវកម្មត្រូវគិតគូរពង្រីកសក្តានុពលរបស់ខ្លួនទៅកាន់ទីផ្សារប្រកួតប្រជែងធំៗ។ ដោយចងផលិតកម្ម មិនថាផលិតកម្មនោះជាសេវាកម្ម ឬផលិតផលនោះទេ គឺត្រូវចងជាប្រព័ន្ធដើម្បីការពារហានិភ័យដោយជួយជ្រោមជ្រែងគ្នាក្នុងការរក្សាលំនឹង និងបញ្ចេញឥទ្ធិពលទៅលើទីផ្សារ។ តែទោះជាយ៉ាងណាក៏ដោយ បើចង់ក្លាយជាសហគ្រិនដែលលះបង់ធ្វើទាំងគ្មានជំនាញ និងគ្មានភាពច្បាស់លាស់ នោះមិនអាចដើរដល់គោលដៅបានឡើយ។ ដូច្នេះដើម្បីហែលឆ្លងដល់ត្រើយ និងក្លាយជាសហគ្រិនមួយរូបនោះ អ្នកចាំបាច់ត្រូវតែខិតខំរៀនសូត្រឱ្យបានច្បាស់លាស់ ហើយចាប់ជំនាញឱ្យបានត្រឹមត្រូវ និងធ្វើការងារដើម្បីឆក់យកបទពិសោធន៍ឱ្យបានឆ្អិនឆ្អៅសិន សឹមឈោងចាប់ក្ដីសុបិន្តជាសហគ្រិន នោះនឹងបានជោគជ័យ៕