Health & Beauty  Health & Beauty  ការលួចចម្លងស្នាដៃសិល្បៈ​ពីបរទេស មានទោសទណ្ឌទេ?

ការលួចចម្លងស្នាដៃសិល្បៈ​ពីបរទេស មានទោសទណ្ឌទេ?

  • 17-Aug-18 | 10:59:31 am


  • រឿងរ៉ាវ​នៃ​ការ​លួច​បទ​ចម្រៀង​វៀតណាម "I'm Sorry Babe” កំពុង​ជា​រឿង​រ៉ាវ​ក្តៅ​គគុក​លើបណ្តាញ​សង្គមប៉ុន្មានថ្ងៃនេះ​។ ទន្ទឹម​នឹង​ការ​រិះគន់​លួច​ចម្លង​​ស្នាដែ​របស់​ខ្លួន អ្នក​និពន្ធ​វៀតណាម លោក Bao Thach ថែម​ទាំង​ព្រលយ​ពាក្យ​ថា ទោះ​បី​ជា​បទ​លោក​ត្រូវ​គេ​ចម្លង​ក៏​ដោយ តែ​លោក​ក៏​គ្មាន​ដំណោះ​ស្រាយ​ដែរ ព្រោះ​កម្ពុជាមិន​ទាន់​ចូល​ជា​សមាជិក​សមាគម​ការពារ​កម្មសិទ្ធិ​បញ្ញា​បទ​ចម្រៀង។

    លោក Bao Thach អ្នក​និពន្ធ​វៀតណាម

    ឆ្លើយ​តប​ទៅ​នឹង​ការ​ឡើង​លើក​របស់​អ្នក​និពន្ធ​វៀតណាម​រូប​នេះ ​លោក ស៊ិន សារ៉ាឌី ប្រធាន​នាយកដ្ឋាន សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ថា ជា​ការ​ពិត​ប្រទេសកម្ពុជា មិន​ទាន់​បាន​ចូល​ជា​សមាជិក​អនុសញ្ញាទីក្រុងប៊ែន ស្តីពីស្នាដៃអក្សរសាស្ត្រ និងសិល្បៈ (Berne Convention) នៅ​ឡើយ។ លោកថា ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន មាន​តែ​កម្ពុជា និងមីយ៉ាន់ម៉ាទេ ដែល​មិន​ទាន់​បាន​ចូល​ជា​សមាជិក ខណៈ​វៀតណាម​បាន​ចូល​ជា​សមាជិក​អនុសញ្ញា​នេះ​តាំង​ពី​ឆ្នាំ​២០០៤។

    ចំពោះ​មូលហេតុ​ដែល​ប្រទេស​កម្ពុជា​មិន​ទាន់​បាន​ចូល​ជា​សមាជិក​អនុសញ្ញាទីក្រុងប៊ែន ប្រធាន​នាយកដ្ឋាន​ដដែល​អះអាង​ថា មក​ការ​យល់​ដឹង​ពី​កម្មសិទ្ធិ​បញ្ញា​របស់​ពលរដ្ឋ​ និង​អ្នក​ពាក់​ព័ន្ធនៅ​មាន​កម្រិត «យើង​មិនមែន​គេច​វេះ​នោះ​ទេ តែ​យើង​គិត​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ហើយ​បច្ចុប្បន្ន​ក្រសួង​កំពុង​សិក្សា​ពី​ផល​ប្រយោជន៍ និង​ផល​ប៉ះពាល់​នៃ​អនុសញ្ញា​នេះ»។

    លោក ស៊ិន សារ៉ាឌី បាន​បន្ត​ថា បច្ចុប្បន្ន​យើង​នៅ​ប្រើ​ស្នាដៃ​បរទេស​ច្រើន មិន​ថា​ ថៃ វៀតណាម អាមេរិក អង់គ្លេស នោះទេ ចង់​មិន​ចង់​ប្រសិន​បើ​យើងចូល​ជា​សមាជិក​ក្នុង​ពេល​នេះ​ជួប​ផល​លំបាក​ច្រើន ព្រោះអនុសញ្ញានេះឲ្យតែយើងធ្វីខុស ឬលួចចម្លងស្នាដៃរបស់គេ គេ​នឹង​ប្តឹង។ តែ​ទន្ទឹម​នឹង​នោះស្នាដៃ​របស់​យើង​ក៏​ត្រូវ​បរទេស​លួចចម្លងបានដូចគ្នា ដោយ​​ពុំ​​មាន​​ការដាក់​ទោសទណ្ឌ។

    ទោះ​យ៉ាង​ណា​ក៏​ដោយ​កម្ពុជា​បានចូលជាសមាជិកក្នុងកិច្ចព្រមព្រៀង ស្តីពីប្រសិទ្ធភាពកម្មសិទ្ធិបញ្ញា ទាក់ទងនឹងពាណិជ្ជកម្ម របស់អង្គការ WTO កាលពីឆ្នាំ២០០៤ ដែលក្នុងកិច្ចព្រមព្រៀងនោះបញ្ជាក់ ថា រដ្ឋជាភាគីត្រូវ​គោរពតាម​លក្ខខណ្ឌដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ។ ដោយហេតុថា ជាដំណាក់​កាលអន្តរកាល ហេតុដូចនេះ​កម្ពុជាទទួលបានការអនុគ្រោះខ្លះ​លើ​បញ្ហានេះ។

    ក្នុង​ន័យ​ចូលរួម​លើក​កម្ពស់ឲ្យមានការបង្កើត​ស្នាដៃថ្មី​ បញ្ជ្រាបការយល់​ដឹង​ពី​កម្ម​សិទ្ធិបញ្ញា កន្លងមកក្រសួងតែងតែបើកវគ្គបណ្តុះបណ្តាលផ្សេងៗ ដោយអញ្ជើញមន្រ្តី​ស្ថាប័នពាក់ព័ន្ធចូលរួមសិក្សាស្វែងយល់ ពិសេសខាងផលិតកម្ម។ លោក​ថា ការ​ខក​ខាន ឬ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​ខាង​លើ គឺ​ជា​មូលហេតុ​ដែល​អ្នក​និពន្ធ​មួយ​ចំនួន នៅ​តែ​បន្ត​លួច​ចម្លង​ស្នាដៃ​បរទេស ដោយ​ពុំុំ​មាន​សុំ​អនុញ្ញាត​ពី​ម្ចាស់​ដើម។

    បើតាមលោក ស៊ិន សារ៉ាឌី ឱសានវាទនៃការចូលរួមជាសមាជិកអនុសញ្ញានេះរបស់កម្ពុជា គឺឆ្នាំ២០២១ ខាងមុខនេះ៕