សុខភាពនិង​សម្ផស្ស


សុខភាពនិង​សម្ផស្ស  សុខភាពនិង​សម្ផស្ស  ស្លឹក​ម្រុំ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​របស់​មនុស្ស

ស្លឹក​ម្រុំ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​របស់​មនុស្ស

  • 20-May-01 | 03:53:09 pm


  • ស្លឹក​ម្រុំ គឺជា​រុក្ខជាតិ​ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ពី​តម្លៃ​របស់​វា​រាប់​ពាន់​ឆ្នាំ​មក​ហើយដោយ​សារ​តែ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​យ៉ាង​របស់​វា ។ ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​អ្នក​វិទ្យាសាស្ដ្រ​បាន​ស្រាវជ្រាវ​រកឃើញ​ពី​គុណប្រយោជន៍​នៃ​ស្លឹក​ម្រុំ​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​ទាំង​៦​យ៉ាង​ដែល​អ្នក​គួរតែ​បរិភោគ​ស្លឹក​ម្រុំ ៖

    ១-​ម្រុំ​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ៖ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​សមាសធាតុ​ដែល​មាន​តួនាទី​កម្ចាត់​រ៉ា​ឌី​កាល់​សេរី​នៅ​ក្នុង​រាង​កាយ​។ នៅ​ពេល​រ៉ា​ឌី​កាល់​សេរី​មាន​ចំនួន​ច្រើន​ក្នុង​រាង​កាយ វា​អាច​បង្ក​ឲ្យ​មាន​ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ និង​ជំងឺ​បេះដូង ។ ស្លឹក​ម្រុំ​ផ្ដល់​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូច Beta-carotene វីតាមីន C អាស៊ីត chlorogenic និង quercetin ។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា គ្រាន់តែ​បរិភោគ​ម្សៅ​ស្លឹក​ម្រុំ​ចំនួន​ប្រាំពីរ​ក្រាម​ជា​រៀងរាល់ថ្ងៃ​ក្នុង​រយៈពេល​៩០​ថ្ងៃ វា​អាច​ជួយ​បង្កើន​កម្រិត​ប្រឆាំង​អុកស៊ីតកម្ម​នៅ​ក្នុង​ឈាម​ឲ្យ​មាន​សេ្ថ​រ​ភាព ។

     

    ២-​ម្រុំ​ពង្រឹង​សុខភាព​ពោះវៀន ៖ ជំងឺ​ដំបៅ​ក្រពះ រលាក​ក្រពះ និង​មហារីក​ក្រពះ គឺជា​លទ្ធផល​នៃ​មេរោគ​ឈ្មោះ H. pylori ដែល​ជា​បាក់តេរី​ម្យ៉ាង​នឹង​ត្រូវ​សម្លាប់​ដោយសារ​ធាតុ​ប្រឆាំង​របស់​ម្រុំ ។

    ៣-​ម្រុំ​ផ្ទុក​ទៅ​ដោយ​សារធាតុចិញ្ចឹម​ដល់​រាង​កាយ ៖ ស្លឹក​ម្រុំ​អាច​បរិភោគ​តាម​វិធី​ជា​ច្រើន​ដូច​ជាតា​មរយៈ​គ្រាប់​ថ្នាំ ម្សៅ ឬ​ម្រុំ​ទាំងមូល និង​ស្លឹក​ឆៅ ។ ស្លឹក​ម្រុំ​ដែល​កាត់​ស្រស់​មួយ​ពែង​អាច​ផ្តល់​នូវ​ប្រភព​វីតាមីន និង​សារធាតុ​រ៉ែ​ជា​ច្រើន​ដល់​ស​ព៌ា​ង្គ​កាយ ។

    មនុស្ស​ជា​ច្រើន​ដែល​រស់នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ មាន​បញ្ហា​កង្វះ​ជាតិ​វីតាមីន និង​សារធាតុ​រ៉ែ ដោយឡែក​ម្រុំ​ពិតជា​អាច​ផ្តល់​សារធាតុចិញ្ចឹម​សំខាន់​ៗ​ទាំងនោះ​ដល់​ពួក​គេ។

    ៤-​ម្រុំ​អាច​កាត់​បន្ថយ​ការ​រលាក ៖ ប្រតិកម្ម​ធម្មជាតិ​របស់​រាង​កាយ​ទៅ​នឹង​ការ​រង​របួស ឬ​ការ​ឆ្លង​មេរោគ​គឺ​ការ​រលាក ដែល​វា​ជា​យន្តការ​ការពារ​ដ៏​សំខាន់​ចំពោះ​រាង​កាយ ប៉ុន្តែ​នៅ​ពេល​ដែល​ការ​រលាក​បន្ត​រយៈពេល​យូរ វា​ធ្វើ​ឱ្យ​អ្នក​ប្រឈម​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូច​ជា​ជំងឺ​បេះដូង ជំងឺមហារីក និង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ទៀត ។ សារធាតុ isothiocyanates នៅ​ក្នុង​គ្រាប់​ម្រុំ ផ្លែ​ម្រុំ និង​ស្លឹក​របស់​វា បាន​ផ្ដល់​នូវ​ឥទ្ធិពល​ប្រឆាំង​នឹង​ការ​រលាក​ទាំងនេះ ។

     

    ៥-​ម្រុំ​ជួយ​ដល់​ការ​រំលាយ​អាហា​រ ៖ បរិមាណ​សារធាតុ​កាក​សរសៃ​ដ៏​ខ្ពស់​ក្នុង​ម្រុំ​អាច​ធ្វើការ​សំអាត​សារធាតុ​សេសសល់​បន្ទាប់​ពី​ការ​បរិភោគ​អាហារ​ដែល​សម្បូរ​ដោយ​ជាតិ​ខ្លាញ់។

     

    ៦-​ម្រុំ​អាច​បន្ថយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល ៖ ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​បរិមាណ​ខ្ពស់​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បេះដូង ។ ម្រុំ​ត្រូវ​បាន​គេ​បង្ហាញ​ថា វា​អាច​កាត់​បន្ថយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល ស្រ​ដៀង​គ្នា​ទៅ​នឹង​គ្រាប់​អាល់​ម៉ុ​ន oats និង​គ្រាប់ flax ៕