Hot News


Hot News  Hot News  ចឹងតើបានជាបុព្វបុរសខ្មែរ ខ្លាំងណាស់, គ្រាន់តែមើល យុទ្ធោបករណ៍ និង វិធីសាស្ត្រធ្វើសង្គ្រាម ញាក់សាច់!!

ចឹងតើបានជាបុព្វបុរសខ្មែរ ខ្លាំងណាស់, គ្រាន់តែមើល យុទ្ធោបករណ៍ និង វិធីសាស្ត្រធ្វើសង្គ្រាម ញាក់សាច់!!

  • 17-Oct-25 | 09:56:57 am


  • ប្រជាជាតិខ្មែរធ្លាប់មានប្រវត្តិដ៏រុងរឿង ជ្រកកោន ក្នុងដែនដីចក្រភពមានអំណាច និង ឥទ្ធិពលគ្របដណ្ដប់ទៅ លើនគរជិតខាង អាស្រ័យដោយបុព្វបុរសខ្មែរ ជាពូជអ្នកចម្បាំង ខ្លាំងពូកែ យូរលង់ណាស់មកហើយ ។

    ទន្ទឹមនឹង នគរចម្ប៉ាក្លាយទៅជាវៀតណាមភាគកណ្ដាល ហើយដែន ដីរាមញ្ញមន’ក្លាយទៅជា ភូមា និងថៃនោះ ខ្មែរយើងដែល ជាប់ពូជអម្បូរ ខម បែរជាអាច ថែរក្សាទឹកដីឲ្យនៅគង់វង្ស បានមួយក្រវេចក្នុង ផែនទីពិភពលោកនឹងគេដែរ ព្រោះហេតុតែដូនតាខ្មែរ ជំនាញខាងការធ្វើសង្គ្រាមការពារជាតិមាតុភូមិមិនសុខចិត្តឲ្យពួកបរទេស លេបត្របាក់ យកបាន ដោយងាយៗនេះឯង ។

    តើបុព្វបុរសខ្មែរ មានមធ្យោបាយធ្វើសង្គ្រាមរបៀបណា ? យើងសាកល្បងសិក្សាស្រាវជ្រាវដូចតទៅ ៖

    I – អំពីបន្ទាយទ័ព

    ព្រះមហាក្សត្រខ្មែរពីបុរាណព្រេងនាយ មុននឹងយាងទៅគង់ប្រថាប់នៅទីណា ឬក៏លើកទ័ព ទៅវាយបច្ចាមិត្ត ទ្រង់តែងមានព្រះតម្រិះ ពីបញ្ហាតាំងទីបន្ទាយរាយទ័ពជា អាទិភាព រីឯទីតាំងបន្ទាយនោះ ត្រូវប្រកបដោយលក្ខណ: សម្បត្តិដូចខាងក្រោម ៖

    – ដីជ័យភូមិ៖ ជាទីតាំងខ្ពស់ផុតពីទឹក សមប្រកបតាមក្បួនពិជ័យ សង្គ្រាម និងក្បួនហោរាសាស្ត្រ ។ នុំនឹង វាតដីតាំងជា បន្ទាយស្ដេច ឬមេទ័ពធំ តែងតម្រូវឲ្យហោរាទស្សន៍ទាយ វាស់វែងបែងក្រឡាមើលដីនោះ ឲ្យល្អិតល្អន់សិន ។

    – មានស្ទឹង ឬទន្លេព័ទ្ធជុំវិញ៖ ចំណុចនេះ បើសិនជាគ្មានស្ទឹង ឬទន្លេនៅជិត ព្រះមហាក្សត្រ ឬមេទ័ពធំ តែងបញ្ជាសេនារេហ៍ពល ឲ្យជីកជាគូទឹកព័ទ្ធជុំញ ដោយ មានចិញ្ចឹមក្រពើកាចៗផង ដើម្បីទុកជាមធ្យោបាយការពារ ទប់ទល់ នឹងបច្ចាមិត្ត ។

    – សង់សើន និងប៉មខ្ពស់ៗ៖ បើបន្ទាយនោះធំ ការសង់សើន និងប៉មក៏ធ្វើធំ ហើយខ្ពស់ទៅតាមនោះដែរ ។ បើបន្ទាយ នោះតូចតាច សើន និងប៉មក៏ទាបៗ ។ គេធ្វើសើនសម្រាប់ដាក់តម្កល់មេរៀម ឬកាំភ្លើងធំ ដើម្បីបាញ់ ការពារបន្ទាយ ។ ឯប៉ម សម្រាប់ឲ្យពលសេនា អង្គុយយាមមើលទៅមុខបានឆ្ងាយ។

    – លើកដីឱ្យខ្ពស់ ឬ ធ្វើជាកំពែង៖ គេលើកដីព័ទ្ធជុំវិញបន្ទាយ ដូចជាទំនប់ទឹក ដើម្បីទប់នឹង ផ្លែព្រួញ ឬគ្រាប់មេរៀមរបស់ខ្មាំង ។ បើបន្ទាយនោះធំមាំមួន គេធ្វើជាកំពែងថ្ម អាចជិះសេះពីលើបានងាយស្រួលឲ្យពលសេនា បញ្ជូនសារ និងពាក្យបញ្ជាពីថ្នាក់លើទៅថ្នាក់ ក្រោម ក្នុងករណីមានភាពអាសន្នកើតឡើង ។

    – រោង និងឃ្លាំង៖ សម្ភារ:សង់រោង សម្រាប់ពលសេនាស្នាក់នៅ ច្រើនធ្វើពីឈើប្រក់ស្បូវ មានរានរនាបប្ញស្សីសម្រាប់ដេក ទៅតាមពួក តាមកងនីមួយៗ ។ មានរោង ចម្អិនអាហារ រោងព្យាបាលជំងឺ និងរោងគុក សម្រាប់ដាក់យុទ្ធជនល្មើសវិន័យ ។ ឃ្លាំងជាកន្លែង សម្រាប់ផ្ទុកស្បៀងអាហារ ដូចជា អង្ករ ពោត សណ្ដែក អំបិល ត្រីងៀត ត្រីឆ្អើរ ប្រហុក គ្រឿងសស្ត្រាវុធ និង សំលៀកបំពាក់ ៘

    – ក្រោលដំរី ក្រោលសេះ ៖ ធ្វើក្រោលដំរី ពាក្យបុរាណថា តាំងខ្លោងព្នៀត ដោយកាប់ឈើប៉ុន៉ៗសសរផ្ទះ មកដាំ ច្រុះតំរៀមគ្នា ដូច ម្រាមដៃព័ទ្ធទីធ្លាដ៏ធំមួយ មានឈើជាម្លប់ល្មមដំរីជ្រកការពារ កម្ដៅថ្ងៃបាន ។ ក្រោលនេះធំទូលាយ អាចផ្សាំងដំរីសឹកបាន ។ ដំរីដែលជាប់ក្នុងក្រោល ភាគច្រើនគេដាក់ទន្លីងមិន ឲ្យវាដើរ ទៅណាបានឆ្ងាយ ដោយមានពលបោចស្មៅ និងយកទឹកមកឲ្យដល់កន្លែង ព្រោះនៅពេល ជាប់ច្បាំង ឬខ្មាំងព័ទ្ធជាប់ គេពុំអាចយកដំរីទៅលែងឲ្យស៊ីខាងក្រៅបន្ទាយបានឡើយ ។ ឯក្រោល សេះ និងកន្លែងដាក់រទេះ ក៏មានលក្ខណ:ប្រហាក់ ប្រហែលក្រោលដំរីដែរ ដោយគ្រាន់តែសង់ឲ្យ វាឃ្លាតឆ្ងាយពីគ្នាបន្តិច ព្រោះដំរី និងសេះ ផ្អើលខ្លាចគ្នាទៅវិញទៅមក ដាក់ជិតគ្នាមិនបានទេ ។

    – ទីលានហាត់យុទ្ធសាស្ត្រ៖ គេច្រើនយកទីតាំងនៅកណ្ដាលបន្ទាយ ដែលជាទីធ្លាវាលស្រឡះគ្មានបន្លា ឬគល់ដង្គត់ជាឧបសគ្គ ។ មានដាក់ ផ្ទាំង ស៊ីបភ្ជាប់នឹងដើមឈើ ឬសសរ សម្រាប់ហាត់បាញ់ ព្រួញ ចោលលំពែង គប់កាំបិត ។ មានកន្លែងហាត់ជិះសេះ ជិះដំរី កាប់ដាវ គុនដំបង និងធ្លា សម្រាប់បើកសមរភូមិ ប្រយុទ្ធរួមគ្នាម្ដងៗរាប់រយនាក់ ។ បន្ទាយគ្រប់ទីកន្លែង ត្រូវតែមានលក្ខណ:សម្បត្តិ ដូចខាងលើនេះ ។ ជួនកាលព្រះមហាបានត្រាស់បង្គាប់ឲ្យសាងសង់បន្ទាយ ធ្វើជារាជវាំងគង់នៅជាអចិន្ត្រៃយ៍តែម្ដង ដោយមានរៀបកំពែងថ្ម តជាកសិណ ដាំប្ញស្សីច្រុះក្ដារ យ៉ាងមាំមួន ដូចជាបន្ទាយលង្វែកជាដើម ។

    II – គ្រឿងសស្ត្រាវុធ

    សស្ត្រាវុធជំនាន់ដើម ជាប្រភេទអាវុធ កាប់ ចាក់ បាញ់ វាយ ដែលជារួមមានដូចតទៅ៖

    ១- ប្រភេទអាវុធសម្រាប់កាប់

    – ព្រះខាន់៖ ក្លាយពីពាក្យសំស្ក្រឹត ខ័ឌ្គ បាលី ខគ្គជាអាវុធសម្រាប់ព្រះមហាក្សត្រ ។ ផ្លែមានមុខទាំងសងខាង មានសណ្ឋានដូចផ្លែលំពែង ប៉ុន្តែធំវែងជាងផ្លែលំពែងដងខ្លី មានស្រោម សម្រាប់ស៊កស្ពាយនៅចង្កេះបាន ។ ព្រះខាន់ មានពីរប្រភេទ គឺព្រះខាន់រាជ្យ និងព្រះខាន់ជ័យ ។ ព្រះខាន់ រាជ្យ សម្រាប់ទុកជានិមិត្តរូបនៃរាជបល្ល័ង្ក មិនមែនទុក សម្រាប់កាប់ ចាក់ទេ ឯព្រះខាន់ជ័យ ទើបប្រើជាអាវុធបាន។ នៅមានព្រះខាន់ស្តេចត្រាញ់ ដោយឡែកមួយបែបទៀត ជា និមិត្តរូបនៃអំណាច ។

    – ដាវ ៖ ដាវចែកចេញជា ដាវវែង ដាវខ្លី ដាវកូនស្រាល ។ គឺជាអាវុធ ធ្វើពីដែកមានផ្លែវែង មានមុខតែម្ខាង ខ្នងអ៊ែន ដងខ្លី មានរបាំងឆែង សម្រាប់រងដៃ មានបញ្ចុះក្រំមាស ប្រាក់ ស្ពាន់ និងមានស្រោមសម្រាប់ស៊ក ហូត ចេញចូលបាន ។ ដាវវែងជាមធ្យម ប្រវែង២ហត្ថ ។ ឣាវុធនេះ មានខ្សែចងស្ពាយនៅខ្នង ។ ឯដាវកូនស្រាល គេអាចលាក់បង្កប់ក្នុងដៃអាវបាន សម្រាប់ចារបុរស ប្រើប្រាស់ ។ បើដាវជារបស់ស្ដេចកាន់ គេហៅថា ព្រះទម្រង់ ឣសិ ព្រះសែង ព្រះសែងស្នៀត ។ នៅមានដាវអាជ្ញា សឹកមួយទៀត ជានិមិត្តរូប នៃអំណាចផ្ដាច់ការ ។

    – កាំបិត ៖ កាំបិតមានវែង ខ្លី ធំ តូច ធ្វើពីដែក មានមុខ តែម្ខាង ដូចកាំបិតចែត កាំបិតព្រា កាំបិតបន្ទោះ កាំបិតប៉័ង តោ កាំបិតស្នៀត ។ កាំបិតខ្លីរបស់ស្ដេចហៅថា ព្រះទម្រង់ឆុរិកា ។

    – ផ្គាក់ ៖ ជាអាវុធមួយប្រភេទ ធ្វើដោយដែកផ្លែ ក្រាស់ មានមុខតែម្ខាង រាងស្រដៀងនឹង កាំបិតចែត មាន ក្បាច់រាងជហ្វាចែ នៅចុងផ្លែ ដងវែង អាចពិឃាដ មនុស្ស សត្វ ឬកាប់ ឆ្ការព្រៃ ងាយស្រួលជាងកាំបិត ។ ផ្គាក់ដែលប្រើប្រាស់ក្នុងសង្គ្រាម ដូចយើងបានឃើញក្នុងរឿង តេជោមាស តេជោយ៉ត៉ នោះមានផ្លែក្រាស់ វែង មុត ធ្ងន់ ហើយត្រូវដាប់ផ្នែកខាងគល់នៃផ្លែ បញ្ចុះទៅក្នុងដង ធ្វើពីប្ញស្សីថ្នាំងរេញ ឬឈើមានទម្រង់កោងជាប់ស្វិត ។ អ្នកប៉ិនប្រសប់ ខាងគុនកាំបិតផ្គាក់ មានប្រៀបខ្លាំងណាស់ ទៅលើដាវ ឬលំពែង ព្រោះដងវែង ផ្លែធ្ងន់ អាចយោល កាប់បានខ្លាំង បាក់ទាំងអាវុធគូសត្រូវ និងធ្វើឲ្យដាច់កគូ សត្រូវ ឬរយ:ស្មាមួយចំហៀងផង ។ សព្វថ្ងៃនេះ ជនជាតិ ភាគតិច កួយ ជង ភ្នង រដែ … កំពុងប្រើនៅឡើយ ។ ព្រះខាន់ ដាវ កាំបិតខ្លី អាចកាប់ក៏បាន ចាក់ក៏បាន ។

    ២- ប្រភេទចាក់

    – ច្បូក៖ ជាអាវុធផ្លែបី មានងៀង ដងវែងជាងមួយព្យាម អាចចាក់សម្លាប់បច្ចាមិត្ត ឬប្រើធ្វើនេសាទក៏បាន ។

    – តោមរ៖ ជាអាវុធម៉្យាង មានមុខពីរ ង ដូចស្នែង ក្របី អាចហៅថា លំពែងស្នែងក្របីក៏បាន ។ សេនាកាន់ អាវុធនេះ ច្រើនជាពេជ្ឈឃាដ សម្រាប់នាំអ្នកទោសទៅ ប្រហារ ហៅថា តោមរធរ ។

    – លំពែង៖ ជាអាវុធអាចប្រឡូកគ្នាជិតៗ ឬពួយពី ចម្ងាយបាន មានមុខទាំងពីរខាង មានចុងស្រួច រូបសណ្ឋាន ដូចផ្លែព្រះខាន់ តែដងវាវែង ។ លំពែងជាគូនឹងខែល ។

    – ទួន៖ ទួនមានលក្ខណ:ប្រហែលគ្នានឹងលំពែង ប្លែក តែនៅគល់ដងមានភូ ‘រំយោល’ ទួន ក៏មានខែលការពារដែរ ។

    – ក្រឹស៖ ជាអាវុធខ្លីស្រួចមានមុខទាំងពីរខាង សម្រាប់ ស៊កក្នុងស្រោម សៀតចង្កេះ ដូចកាំបិត ស្នៀត ។

    – ស្ន ៖ ជាអាវុធមានផ្លែដែក មូលវែងប៉ុនម្រាមដៃ បញ្ចុះខាងគល់ភ្ជ័រ ជិតជាប់ទៅនឹងដងប្ញស្សីវែង រៀវស្ដួចចុង សម្រាប់ប្រើជាឧបករណ៍នេសាទត្រី ។ គេមិនដែលប្រើស្ន ចូល សមរភូមិទេ ប៉ុន្តែអ្នកភូមិតែងដាក់វា ត្រៀមនៅក្បែរ មាត់ទ្វារ សម្រាប់ចាក់សម្លាប់ចោរ ដែលលប ឡើងផ្ទះចូល លួចទ្រព្យសម្បត្តិ ។

    ៣- ប្រភេទវាយ

    – ដំបងវែង ៖ ច្រើនធ្វើពីខ្លឹមគ្រញូង ក្រឡាញ់ ទ្រយឹង ដើមផ្អាវ ឬធ្វើពីប្ញស្សីពីងពង់សម្រួច ចុង រោលភ្លើងឲ្យឡើង ក្រហម ។ ដំបងវែងមានប្រវែងជាមធ្យម ជាងមួយព្យាម មនុស្សចាស់ ។

    – ដំបងខ្លី ៖ ដំបងខ្លីធម្មតាមានប្រវែងពីរហត្ថ ធ្វើពី ឈើខ្លឹម មិនសូវរើសឈើទេ ។ ឯដំបង ម៉្យាងទៀត ខ្លីប្រវែង មួយចំអាម មានពីរកំណាត់ ហើយភ្ជាប់នឹងច្រវាក់ដែក ។ ដំបងច្រវាក់នេះ មានប្រសិទ្ធិភាព អាចវាយប្រហារទាញឆ្វាក់ ថ្ពក់យកដាវពីបច្ចាមិត្របាន ។

    – ព្រនង់ ៖ ជាដំបងយ៉ាងធំហើយខ្លី ។ គេប្រើអាវុធ នេះ សម្រាប់តែមនុស្សមានកំហឹង ខ្វះការពិចារណាប៉ុណ្ណោះ មិនដែលយកចូលសមរភូមិទេ ។

    – អង្រែ៖ ជាដំបងធុនធំ ប្រើសម្រាប់តែបុកអង្ករ បុកល័ខទេ ប៉ុន្តែក្នុងពេលមានឣាសន្ន រកអ្វីមិនទាន់ អ្នកដែល ចេះគុនដំបងយ៉ាងស្ទាត់ តែងស្រវាយកអង្រែក្បែរដៃ មកដោះស្រាយបញ្ហាក្នុង ករណីបន្ទាន់ ។

    ៤- ប្រភេទបាញ់

    – ធ្នូ ៖ ជាអាវុធធ្វើដោយឈើ ប្ញស្សី ឬធាងទ្រាំង មានដងមានបន្លោះ សម្រាប់ផ្ទាប់ព្រួញបាញ់ ។ មានបំពង់ព្រួញស្ពាយនៅខ្នង ជាគូ បើអស់ព្រួញ ធ្នូក៏អស់ប្ញទ្ធិដែរ ។ បុរាណច្រើនប្រើពាក្យភ្ជាប់គ្នា ថា ធ្នូសរ បើធ្នូជារបស់ស្ដេចហៅថា កៅទណ្ឌ ឬកៅទណ្ឌជ័យ ។ ក្នុង កាល:ទេស:ខ្លះ គេត្រាំចុងព្រួញក្នុងថ្នាំពិស ហៅថាជ័រឆក់ ដើម្បី ប្រហារសត្រូវឲ្យស្លាប់ទាន់ហន់ភ្លាមៗ ។ ជ័រឆក់ ឬព្រួញពិសនេះ អាច ប្រើក្នុងការបាញ់សត្វធំៗ ដូចជាដំរី ខ្ទីង រមាស ជាដើមផងដែរ ។

    – ស្នា៖ ជាអាវុធធ្វើដោយឈើ មានត្រពងមានដៃ មានខ្សែបន្លោះ មានកៃតម្លោះបាន មានព្រួញស្លាប សម្រាប់បាញ់បាន និងត្រង់ ជាងធ្នូ ប៉ុន្តែរហ័សមិនទាន់ធ្នូទេ ។ ឣ្នកប៉ិនប្រសប់ អាចបាញ់ម្ដងបាន ព្រួញប្រាំ ហើយទៅត្រូវទិសដៅតែមួយ ឬផ្សេងគ្នា ទៅតាមការ ដៅរបស់អ្នកបាញ់ ។ ធ្នូជាអាវុធធ្លាប់មានមកជាច្រើនពាន់ឆ្នាំ ហើយ ។ យើងបានឃើញក្នុងរឿងរាមកេរ្តិ៍-រឿងសុវណ្ណសាម និងរឿងប្លែកៗ ច្រើនទៀត ក្នុងអត្ថបទអក្សរសាស្ត្រ សាសនា និងសាស្ត្រាល្បែង ជាច្រើន ។

    – មេរៀម៖ ជាកាំភ្លើងម៉្យាងវើឣាយ ។ ជាងដែក អាចស្លដែក សិតវាបាន មានធំ មានតូច សម្រាប់បាញ់ ។ គេស្លរំសេវបញ្ចរង្គ ញ៉ក៉ុនៅគល់កាណុង ហើយដាក់គ្រាប់សំណខាងចុងកាណុង ទើបដុត ឆ្នួនឲ្យ រំសេវផ្ទុះធាក់គ្រាប់ចេញទៅ ។ ខ្មែរយើងចេះធ្វើកាំភ្លើងមេរៀមនេះ តាំងពីសម័យអង្គរម៉េ្លះ ។ គេច្រើនប្រើមេរៀមដាក់តម្កល់លើសើនខ្ពស់ សម្រាប់បាញ់ការពារបន្ទាយ ។ ក្នុងសង្គ្រាម រវាងព្រះចន្ទរាជា និង ស្ដេច ភាគីម្ខាងៗសុទ្ធតែយកមេរៀមជា អាទិភាព រហូតដល់ខ្វះខាត ក៏ចាត់ទ័ពសំពៅឲ្យទៅទិញ បន្ថែមពីប្រទេសម៉ាឡាយូ ដើម្បីយកមក ធ្វើចម្បាំងយកឈ្នះគ្នា ។ សម័យបន្ទាយលង្វែក សៀមបានចាត់តាំង ចារបុរស ឈ្មោះសុប្បញ្ញោ និងតិប្បញ្ញោ ឲ្យផ្លមបួសជាសង្ឃ ចូល មកលួចស្លង់រន្ធកាំភ្លើងបាន រហូតដល់ខ្មែរចាញ់ បែកបន្ទាយលង្វែក ទៅ ព្រោះអាវុធដ៏មានប្រសិទ្ធភាព ឈ្នះដាវ កាំបិតខូចខាតអស់ ។ ក្នុងរជ្ជកាលព្រះបាទអង្គដួង មានមន្ត្រីយោធា ខ្មែរម្នាក់បុណ្យសក្ដិជា “ ម៉ឺន ” ចេះធ្វើគ្រាបមេរៀមនេះ បាញ់ទៅផ្ទុះឆេះ បន្ទាយយួននៅជ្រោយ ចង្វាអស់ ជំនាន់នោះ ពមុទាន់មានអ្នកចេះធ្វើគ្រាប់ឲ្យផ្ទុះឆេះ នៅឡើយ ទេទើបពួកយួនដកថយចេញពីទឹកដីខ្មែរអស់ទៅ ។

    III – គ្រឿងការពារខ្លួន និងវេទមន្តសក្ដិសិទ្ធិ

    ដើម្បីបញ្ចៀសការពារទប់ទល់ នឹងគ្រឿងអាវុធគ្រប់ប្រភេទបាន បុព្វបុរសខ្មែរមានមធ្យោបាយ និងគ្រឿងការពារខ្លួនពីរយ៉ាងគឺ តាមក្បួន យុទ្ធវិធី និងតាមវេទមន្ត ។

    ១- ក្បួនយុទ្ធវិធី

    – តាមធម្មជាតិ៖ ត្រូវចេះរកទីបិទបាំង មានព្រៃរបោះ ថ្មដា ចេះស្មានតម្រូវកាលអាកាស ចេះស្ដាប់សន្ធឹកខ្យល់ បោកបក់ ៘

    – ប្រើខែល៖ អាចចាត់ជាអាវុធក៏បាន ខែលមានរាងមូល វែង ដូចចង្អេរ ធ្វើពីដែក ស្បែកក្របី ឬឈើ សម្រាប់ទប់រាំងបាំង ផ្លែព្រួញ ឬមុខលំពែងដែលបាញ់ពីចម្ងាយ ។

    – អាវក្រោះ៖ ជាអាវវៀលក្លៀក ធ្វើពីបន្ទះដែក ស្ពាន់ សំណាញ់ដែក ស្បែកគោ-ក្របីហាលស្ងួត ដោយដេរភ្ជិតសម្រាប់ពាក់ចូលទីលានប្រយុទ្ធ ។ អាវក្រោះអាចទប់នឹងផ្លែព្រួញ មុខដាវ លំពែង បាន ។ ព្រះមហាក្សត្រខ្មែរតែងប្រើអាវក្រោះ តាំងពីសម័យមុន អង្គរម្ល៉េះ រហូតដល់ជាប់ព្រះនាមថា “វរ្ម័ន” ‘ ជាពាក្យសំស្ក្រឹតប្រែថា : អាវក្រោះនេះឯង ’ ។ ព្រះនាមជ័យវរ្ម័នមានន័យថា “ឣាវក្រោះមាន ជ័យ” ។

    – ផឹកថ្នាំគង់ ៖ ជាឱសថសក្ដិសិទ្ធិ ផ្សំពីប្ញសឈើ សំបក ឈើ ប្រទាល យកទៅស្ងោររម្ងាស់នឹងឆ្នាំងដី ដោយមានរាយមន្តព័ទ្ធ សីមាផង ដើម្បីផឹកទៅឲ្យគង់ស្បែក កាប់មិនមុត ។ ជួនកាលផ្សំ ពីសត្វរញី ប្រមាត់ខ្លាឃ្មុំ ល្អូតស្បូវ ថ្លាន់ភ្ញី ៘

    ២- វេទមន្ត

    – អាវតេជះ ឬអាវយ័ន្ត៖ ជាអាវដេរពីក្រណាត់ផាឌិប ទេសឯក ឬជាតី មានគូរយ័ន្តគាថា បញ្ចុះអក្ខរ:ភាសាបាលី តាមព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ។ នៅលើតួអាវ ដែលកាត់វៀលក្លៀកនោះមិនសូវចោលអក្សរ ន ខ្វាក់ និងអក្ខរ: ន ម អ ឧ ឥ ស្វា សុ នោះឡើយ ហើយកាន់ក្អែលឡើងខ្មៅរលើប ។

    – កន្សែងយ័ន្ត៖ ជាកន្សែងផាឌិប ឬជាតី មានគូរយ័ន្តគាថា ដូចអាវតេជះដែរ ជួនកាលមានបញ្ចុះស្នាមបាទជើងមាតាបិតា ឬ ឧបជ្ឈាយាចារ្យ ដែលជាអ្នកមានគុណ សម្រាប់បង់ជាប់នឹងក ជួតលើក្បាល ។

    – សាក់ខ្លួន៖ គេប្រើដែកចារជ្រលក់ជាតិហិង្គុល ឬខ្មៅ ដុសយកទៅសាក់ជាឣក្ខរ: យ័ន្តគាថា លើទ្រូង, ខ្នង, ដៃ, ស្មា ជាប់ ស្នាមរហូតមួយជីវិត ។

    – សក់ដាញ់៖ សក់ស្រី ឬប្រុស ដែលកណ្ដាញ់ជាប់គ្នា ដូចសំបុកចាប ជារបស់រូបមេមត់ ឬមេស្មឹង ដោយម្ចាស់សក់ស្លាប់ ឬកាត់ឲ្យ ជឿថាមានឫទ្ធិបារមីពូកែមានខ្មោចអារក្សថែរក្សា។ មានកណ្ដាញ់ មួយប្រភេទទៀត កើតឡើងដោយកម្រ បំផុត នៅត្រង់រោមយោនីស្ត្រី ។ ខ្មែរជឿថា កណ្ដាញ់រោមយោនីនេះពូកែណាស់ ។ មានគេដំណាលថា ប្រពន្ធលោកសក្ដិបី ឥស្សរ:ម្នាក់ មានកណ្ដាញ់រោមយោនីនេះ ពេល ចេញច្បាំងនឹងទ័ពបារាំង លោកតែងបញ្ជិះប្រពន្ធ ឲ្យអង្គុយលើខ្នង សេះពីខាងមុខ ការពារលោកបានរួចខ្លួនគ្រប់គ្រាអាសន្ន ។

    – អាថ័ន៖ ក្លាយមកពីឣថព្វ ឬឣថ័ព្វន៍ ជាឈ្មោះមន្ត អាគម សម្រាប់សូត្រសេកហៅ ឬបណ្ដេញខ្មោចបិសាច ។

    – ចែកាច់៖ ជាភ្លុកដំរីស្ត មិនធំប៉ុនភ្លុកទេ ។ ចែដំរី ដែលវា ចាក់កាច់ចោលជាប់នឹងដើមឈើរស់ ជាវត្ថុត្រជាក់ត្រជុំ ការពារជំងឺ គ្រប់ប្រភេទ ។

    – ខ្នាយតាន់៖ ជាគ្រឿងអាវុធការពារខ្លួន របស់ជ្រូកព្រៃដែលវាកាច់ចោលនៅទីណាមួយ ។ មតិខ្លះថា បើបាញ់យកបានទាំងរស់ រឹតតែពូកែ ជាងខ្នាយដែលរើសបានទៅទៀត ។

    – កុយ៖ ជាស្នែងសត្វរមាស ‘ មិនសូវមាន ’ ល្អបំផុតគឺកុយពុក ។

    – គជ់៖ វត្ថុជាដុំមូលដូចពក មានសាច់រឹងដូចកែវ កើត មាននៅក្នុងសរីរាង្គកាយ ឬក្នុងក្បាលនៃសត្វទាំងឡាយ ដូចជា គជ់ ខ្យង, គជ់គ្រំ, គជ់ដំរី, គជ់ក្រៀល ។ ពូកែជាងគេ គឺគជ់ឃ្មុំ, គជ់ត្មាត ភ្លើង កាសក្របី ។

    – នប់៖ ជាស្នែងបន្តុបត្រមុលខ្លីហើយធំ របស់សត្វ ក្តាន់, រមាំង, ប្រើស ។

    – កូនក្រក៖ វត្ថុនេះសំខាន់ជាងគេ ហើយមិនងាយរក បានផង ។ កូនក្រក គឺជាទារកទំក្នុងផ្ទៃម្ដាយ ទើបបានបីខែ ទៅ ៥ខែ ហើយត្រូវ ឪពុកល្បួងលួងលោម បញ្ឆោតសុំបានរួចនាំទៅវះពោះ យកទាំងរស់ដូចក្នុងរឿងឃុនឆាង ឃុនផែន’ ។ កាលបើម្ដាយស្លាប់ ទារកក៏ស្លាប់ដែរ ប៉ុន្តែ ឪពុកចិត្តតិរច្ឆាន បានយកខ្មោចទារកប៉ុនកដៃនោះ ទៅឆ្អើរភ្លើងឲ្យក្រៀម ហើយរាយមន្តព័ទ្ធសីមា អធិដ្ឋានឲ្យព្រលឹង ទារកនោះ វិលវល់តាម ជួយយកអាសាខ្លួនឲ្យក្លាយទៅជាអ្នកខ្លាំងពូកែ មានញាណដឹងអ្វីៗមុន ព្រោះព្រលឹងកូនក្រកទៅខ្សឹបប្រាប់ ។ អ្នកកាន់កូនក្រក មិនសូវបានយូរអង្វែងទេ ច្រើនតែអាយុខ្លី ព្រោះកម្ម របស់ខ្លួន ដែលហ៊ានលើកដៃសម្លាប់ភរិយា ឬគូកំណាន់ ព្រោះតែ មហិច្ឆតាឥតព្រំដែនរបស់ខ្លួន ។

    – គាថា៖ គឺជាបន្ទះសំណប្រាក់ ស្ពាន់ ឬមាស មានចារ យ័ន្ត បាលីគាថាបញ្ចុះ ហើយដាស់ឲ្យពូកែសក្ដិសិទ្ធិ ។ គាថា ត្រូវដោតក្រងជាខ្សែមួយ ខ្សែពីរ ឬខ្សែបីសម្រាប់ក្រវាត់ នៅចង្កេះក៏មាន សម្រាប់ពាក់នៅក ក៏មាន ។

    – អាព័ទ្ធ៖ ជាវេទមន្តមួយបែប សូត្រទៅគង់ស្បែកកាប់មិនមុត ដុតមិនឆេះ ។

    – មហាសំកាំង៖ អាចសូត្រសេកឲ្យចេញផ្លេកបន្ទោរ ធ្វើឲ្យសត្រូវភាំងស្មារតី ឡប់សតិវង្វេងវង្វាន់ ។

    – មន្តសណ្តំ៖ អាចសូត្រសេកឲ្យខ្មាំងសត្រូវដេកលក់ ‘ចៅពញាភក្ដីសង្គ្រាមហុក ប្រើមន្តសណ្តំធ្វើឲ្យទ័ពយួនដេកលក់អស់ ដើម្បីចូលរំដោះព្រះវររាជមាតា របស់ព្រះបាទជ័យជេដ្ឋាទី៣ ដែលយួនចាប់យកទៅបង្ខាំងក្នុងទូកនៅជ្រោយចង្វា ។

    – ធ្មប់៖ អាចសូត្រសេកបាចឣង្ករ ចេញជាស្រាំង ឃ្មុំ ឪម៉ល៉ា់ ឬកួចស្មៅ ផ្លុំឲ្យកើតជាខ្លា ដំរី ដេញទិច ខាំ ព្រេច បច្ចាមិត្របាន ។ អ្នកចេះវិជ្ជាធ្មប់ផ្ដើមចេញពីប្រើ អំពើធ្វើអ្នកស្រុក ឲ្យហើមពោះស្លាប់ ក៏ក្លាយទៅជាគ្រូធ្មប់ ល្បីល្បាញ គេខ្លាចរឣា ជួនកាលហ៊ានប្រកាសខ្លួនឯងជា ស្ដេច គិតវាយដណ្តើមរាជបល្ល័ង្ក ដូចជាព្រះបាទជាន់ជុំ កែវព្រះភ្លើង ដែលតាំងរាជវាំងនៅខេត្ត តាកែវជាដើម ។

    – មហារំអិល៖ មន្តនេះសូត្រទៅរអិលខ្លួនដូចលាបខ្លាញ់ ចាប់មិនជាប់ ។

    – មេឃច្ឆាយ៖ ជាវិជ្ជាសម្លឹងមើលស្រមោលមេឃ ហើយទាយតាមចំណាំអាចដឹងថា ធ្វើសង្គ្រាមចាញ់ ឬឈ្នះ ។ តេជោមាស ចេះស្ទាត់សិល្ប៍វិជ្ជាយិតមេឃច្ឆាយនេះ ហើយបន្តបង្រៀនដល់ តេជោយ៉ត៉ទៀត ។

    – បំបាំងខ្លួន៖ សូត្រសេកទៅខ្មាំងមើលមិនឃើញ ។ វត្ថុ សក្ដិសិទ្ធិទាំងអស់នេះ បុព្វបុរសខ្មែរតែងដាក់ក្នុងទៃគ្រូ កាន់ជាប់ នឹងខ្លួន បើមិនចេញទៅណាទេ ត្រូវតម្កល់ទុកលើហ៊ឹង ដុតទៀន ធូបបូជា ជាប្រក្រតីរាល់ថ្ងៃសីល ហើយក្រៅពីម្ចាស់វត្ថុនេះ សូម្បីប្រពន្ធកូនក៏ មិនហ៊ានបំពាន់ដែរ ។ ឣ្នកអាងវត្ថុសក្ដិសិទ្ធិ និងសិល្ប៍វេទមន្ត ដូចខាងលើនេះ កាន់ត្រណមតឹងរ៉ឹងណាស់ ហើយភាគច្រើនៗ តែភ្លាត់ស្នៀតដល់ស្លាប់ ព្រោះចាញ់ល្បិចស្រី ។ ឯថ្នាំបន្សាបសិល្ប៍វេទមន្តនោះ គេយកផ្លែត្រឡាច និងសំពត់ ប្រឡាក់ឈាមរដូវស្ត្រី ទៅកម្លោចបុកឲ្យម៉ដ៉្ឋ លាយនឹងប្រទាល មួយរយមុខ យកទៅដាក់លាយនឹងម្ហូបចំណី ឬក្នុងទឹកឲ្យអ្នក សិល្ប៍ ស៊ី ឬផឹក, ងូត នឹងសាបរលាបអស់ជាមិនខាន ។ ជាទូទៅ បុព្វបុរសខ្មែរ តែងកាន់ជាប់នូវជំនឿ ជាប្រពៃណីទាំងនេះ ស្ទើរ ១០០ភាគរយ ជាពិសេស គឺអង្គព្រះមហាក្សត្រ និងមេទ័ពធំៗ តែម្តងដែលគោរពជំនឿបែបនេះជាងគេ ។ យើងឃើញក្នុង ព្រះរាជពង្សាវតារ ឣ្នកដែលខ្លាំងពូកែខាងសិល្ប៍វេទមន្ត មានជា ឣាទិ៍ តេជោ មាស, តេជោយ៉ត៉, ស្ដេចកន, ស្ដេចកែវព្រះភ្លើង, ព្រះរាមបាទី, ស្ដេចបាលីកងចក្រ, ស្ដេចសំរែ, ព្រះរាមទ្រាំង, បល្ល័ង្កពេជ្រ, បល្ល័ង្ករត្ន័, ភក្ដីសង្គ្រាមហុកជាដើម ៘ ទោះបីបច្ចុប្បន្ន ក៏ខ្មែរមួយភាគធំនៅតែប្រកាន់ជំនឿបែបនេះ នៅឡើយ ។

    * អំពីត្រណម៖ ទន្ទឹមនឹងមានគ្រឿងប្រដាប់សម្រាប់ការពារខ្លួន ដូចបានជម្រាប ជាលំដាប់លំដោយខាងលើនេះ ក៏នៅមានរបៀបរបបមួយទៀត មកកូបផ្សំផង ទើបពូកែសក្ដិសិទ្ធិគួរ ឲ្យកក់ក្ដៅបាននោះគឺ “ត្រណម” ។ មានត្រណមច្រើនយ៉ាងណាស់ ដែលអ្នកទ្រង់គ្រឿងការពារខ្លួន ត្រូវកាន់ឲ្យបានខ្ជាប់ខ្ជួន ៖

    – តមកុំទាក់ទងស្នេហ៍ស្និទ្ធជាមួយស្រី មានស្រីប្រពន្ធគេ កូនក្រមុំគេ
    – តមមិនលួចលាក់យកទ្រព្យរបស់គ្រប់យ៉ាង នៅសមរភូមិ មានមាស ប្រាក់ សំពត់ ឣាវ ឬគ្រឿង អលង្ការ គ្រប់ប្រភេទ
    – តមមិនជេរប្រមាថគ្នីគ្នា ដែលជាយុទ្ធជនរួមអាវុធ
    – តមមិនជេរ ម្ដាយគូសត្រូវក្នុងពេលកំពុងប្រយុទ្ធ លើសមរភូមិ
    – តមចំណីអាហារផ្សេងៗ ដែលគ្រូហាម មានត្រាវ, ស្ពឺ, ឃ្លោក… សាច់ឆ្កែ… ជាដើម ។

    នៅមានត្រណមផ្សេងដទៃទៀត ដែលឣ្នកចម្បាំងត្រូវ កាន់ឲ្យបានម៉ឺងម៉ត៉ា់ ដើម្បីកុំឲ្យខុសនឹងបណ្ដាំគ្រូ នាំឲ្យសាបមន្តអាគម បណ្ដាលឲ្យមានគ្រោះថ្នាក់ក្នុងសមរភូមិ ។

    IV-អំពីយានជំនិះក្នុងចម្បាំង

    – ដំរី៖ ជាសត្វខ្លាំងជាងគេ អាចដើរបានឆ្ងាយ កាត់ភក់ផុង ព្រៃភ្នំក្រំថ្ម និងផ្ទុកទម្ងន់បានច្រើន ។ គេទាក់ដំរីព្រៃយកមកផ្សាំង ឲ្យចេះក្បួនយុទ្ធសាស្ត្រ ចេះស្ដាប់បង្គាប់ហ្មរបស់ខ្លួន ។ ក្នុងក្បួន កងទ័ពធំ អាចមានដំរីដល់ទៅមួយពាន់ក្បាល ។ ក្នុងករណីខ្វះ ដំរីប្រើ គេអាចទិញពីនគរលាវបាន ព្រោះស្រុកលាវសម្បូណ៌ដំរី ណាស់ ។ ដូចជាកាល ព្រះចន្ទរាជា ធ្វើសង្គ្រាមជាមួយនឹងសៀម ព្រះអង្គបានចាត់ព្រះរាជបរិពារ ឲ្យទៅទិញដំរីពីដែនចម្ប៉ា សាក់យកមកធ្វើចម្បាំង ។ ដំរីក្នុងសមរភូមិ ចាត់ទុកដូចជារថក្រោះ នាសម័យនេះ ។ដំរី ៖ នៅក្នុងសមរភូមិ ដំរីត្រូវគេបង្ហាត់ឲ្យចេះកាន់ដាវកាប់សម្លាប់សត្រូវ ឲ្យចេះព្រេច ប៉ែងនឹងជើងក្រោយ ឈូសនឹងជើងមុខ ចាក់នឹងភ្លុក កម្ទេចសត្រូវឲ្យស្លាប់បានយ៉ាងស្រួល ។ ដើម្បីឲ្យដំរីមាន ចរិតកាចសាហាវខ្លាំងក្លា ពេលរៀបចូលប្រយុទ្ធក្នុងសមរភូមិ គេបង្អកស្រាឲ្យដំរីផឹក លុះវាស្រវឹង វាសម្លាប់សត្រូវឥតមានកោត ញញើត ដូចមនុស្សឡប់សតិ ក្នុងពេលស្រវឹងស្រាដូច្នោះដែរ ។

    – សេះ៖ ជាពាហនៈមានល្បឿនលឿនជាងគេ អាច ជិះលើខ្នង ឬទឹមរទេះបានយ៉ាងស្រួល ។ ក្នុងកងទ័ពតែង មានសេះរាប់ពាន់ក្បាលឯណោះ ។

    – ក្របី៖ មានតិចតួចសម្រាប់ទឹមរទេះដឹកស្បៀង ។ ជួន កាលគេបង្ហាត់ក្របី ឲ្យចេះវ័ធសម្លាប់បច្ចាមិត្រទៀតផង ។

    – រថ៖ ជារទេះទឹមសេះ និងក្របី ។ រថសម្រាប់ប្រើ ក្នុងកងពលស្បៀង ។

    – ទូក៖ ជារួមមានទូកង, ទូកមួង, ទូកគេហ៊ៅ,ទូកប៉ុកចាយ ។

    – ក្បូន៖ ជលយានមួយប្រភេទ ធ្វើពីប្ញស្សីស្រុក ចងគួបគ្នាដោយផ្ដៅរាប់រយដើម សម្រាប់សណ្ដោងសត្វពាហនៈ និងពល សេនា ឆ្លងទន្លេទៅត្រើយម្ខាង ព្រោះជំនាន់ដើមពុំទាន់មានលទ្ធភាព ធ្វើស្ពានធំៗ ឆ្លងកាត់ទន្លេនៅឡើយទេ ។

    – សំពៅ៖ ជលយានធំជាងគេប្រើចែវ និងក្ដោង បើកឆ្លងទន្លេ សមុទ្របាន ។ សំពៅប្រើសម្រាប់ដឹកទ័ព សម្ភារ: សឹក ឬទំនិញ និងវត្ថុគ្រប់ប្រភេទ ។

    V- ការហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រ

    មុនពេលចេញទៅធ្វើសង្គ្រាម យុទ្ធជន យុទ្ធនារីខ្មែរ តែងទទួលបានការហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រនៅក្នុងបន្ទាយ ដោយមាន មេកងជំនាញ ធ្លាប់មានការពិសោធន៍ជាអ្នកបង្ហាត់ ។ អ្នកដែលចេះស្នៀតគុនស្ទាត់វាងវៃ គួបផ្សំនឹងការចេះមន្តអាគមផ្សេងៗ ចាត់ទុកជាអ្នកខ្លាំង ហើយនឹងត្រូវ ជ្រើសរើសជាមេពួក, មេក្រុម, មេកង ទៅតាមសមត្ថភាពរៀងៗខ្លួន ។ ឯការតែងតាំងនេះ ត្រូវឆ្លងកាត់ ការប្រឡងកាប់ដាវ,ចោលលំពែង, បាញ់ធ្នូ ៘ ជាមុនសិន ។ ឯស្នៀតគុនទាំងនោះមាន ៖

    – គុនដាវ៖ ប្រើស្នៀតព្រះនារាយណ៍ សម្ដែងប្ញទ្ធិ, ឃ្មុំបែក សំបុក, ត្រីនេត្រផ្តាច់ព្រលឹង ។

    – គុនដំបងវែង៖ ប្រើស្នៀត ពីទ្វារ២ ដល់ទ្វារ៨ ៘

    – គុនដំបងខ្លី៖ ល្បុក្កតោ ៘

    – ប្រដាល់៖ ព្រះរាមផ្លែងសរ, ឥន្ទ្រីឆាបដំរី ៘

    – ចំបាប់៖ ហនុមានគាស់ភ្នំ ៘

    – គប់កាំបិត៖ កាំបិតអត់ម្ចាស់ ‘លាយវេទមន្ត’ ៘

    – បាញ់ធ្នូ ស្នា ចោលលំពែង៖ តម្រង់ឲ្យចំទិសដៅ គ្មាន ស្នៀតទេ ប៉ុន្តែស្ដេចកនអាចបាញ់ព្រួញម្តង៥ ឲ្យទៅត្រូវមនុស្ស ស្លាប់ ៥នាក់ ដោយប្រើវេទមន្តផ្សំផង ។

    – ហាត់លើខ្នងដំរី៖ បរដំរី ឬបំបោលឲ្យជាន់ ឲ្យព្រេច ខ្មាំង និងហាត់ចាក់លំពែង ច្បូក ពួយពីចម្ងាយ ឲ្យចំចំណុចមរណ:របស់ បច្ចាមិត្រ ។

    – ហាត់លើខ្នងសេះ៖ ភាគច្រើនមេកង ដោយប្រើដាវ និង ដាវកាប់គ្នា ។

    – ហាត់លើរទេះ៖ ហាត់ប្រណាំងដឹកស្បៀង ឲ្យទាន់ សភាពការណ៍ ៘ ការហ្វឹកហាត់នេះ ទោះជាស្រុកមានសន្តិភាព ក៏ត្រូវតែហាត់ដែរ ហើយគ្រប់ផ្នែកទាំងអស់ ត្រូវជួបជុំគ្នាធ្វើសម- យុទ្ធជារៀងរាល់ឆ្នាំ ទៅតាមការត្រាស់បង្គាប់របស់ព្រះមហាក្សត្រ ។

    VI – ប្រភេទកងទ័ព

    ខ្មែរបុរាណចែកទ័ពជាចតុរង្គសេនា គឺមានបួនអង្គភាព បំបែកមកជាទ័ពថ្មើរជើង ទ័ពសេះ ទ័ពដំរី ទ័ពរទេះ ៖

    ១- ទ័ពជើងគោក

    ក- ទ័ពដំរី៖ នៅពេលមានសង្គ្រាមម្ដងៗ ទ័ពដំរីគេប្រៀបដូចជា ទ័ពរថក្រោះនាសម័យបច្ចុប្បន្ននេះដែរ ។ គេបំបោលដំរីឲ្យជាន់ ឲ្យព្រេច បច្ចាមិត្តគ្មានយោគយល់ ។ មេកងដែលកាន់ពលដំរី សុទ្ធតែមានងារថា ឧទេន, គជេន្ទ្រ, កុញ្ជរនៅពីក្រោយគោរមងារ ដូចជា ចក្រីកុញ្ជរាធិបតី, ព្រះពិជ័យគជេន្ទ្រ, ហ្លួងភក្ដីឧទេន ។ល។ កងពល ដែលទាមក្បាលដំរីភាគច្រើន ជាហ្មទម័ក មិនចេះខ្លាចដំរី ជាប់តំណពូជពីហ្មថាវជាអ្នករក្សាព្រះកាំបិតស្ដាំ នៅខេត្តពោធិ៍សាត់ ។ ទ័ពដំរី មានច្រើនរាប់ពាន់ក្បាល ។

    ខ- ទ័ពសេះ៖ ភាគច្រើនជ្រើសយកតែយុទ្ធជន ដែលក្លាហានមោះមុតមិនខ្លាចស្លាប់ ។ សេះជាជំនិះចាំបាច់របស់មេៗ តាំងពីមេពួក មេរយ មេពាន់ និងមេពល ត្រូវតែជិះសេះជាចាំបាច់ ។ គេច្រើនប្រើទ័ពសេះឲ្យនាំសារពីសមរភូមិមួយ ទៅសមរភូមិមួយ ព្រោះវាមានល្បឿនលឿនទាន់ចិត្ត ។

    គ- ទ័ពរថ៖ ក្នុងរថមួយ (រទេះសេះ ឬក្របី) ដែលផ្ទុកស្បៀង អាចមានកងការពារដប់នាក់យ៉ាងតិច សម្រាប់ទប់ស្កាត់ ក្រែងបច្ចាមិត្តស្ទាក់ដណ្ដើមយក ។ ក្នុងកងទ័ពធំ អាចមានរថ រហូតដល់បីរយ ទៅប្រាំរយគ្រឿង ។

    ឃ- ទ័ពថ្មើរជើង៖ គឺពួកពលដែលដើរនឹងជើងគ្មានជំនិះ ភាគច្រើនជាពលកំណែនថ្មី មិនទាន់មានការពិសោធន៍ ដូចពលដំរី ពលសេះ ។ ពលទាហាន មានពីរបែបទៀតគឺ ”ទាហានក្នុង តំណែង” និង ”ក្រៅតំណែង” ។ ទាហានក្នុងតំណែងរស់នៅជាអចិន្ត្រៃយ៍ក្នុងបន្ទាយ មានអាណត្តិ អាចយកប្រពន្ធកូនមកនៅជាមួយបាន ។ ពលសេនាប្រភេទនេះ មានប្រាក់បៀវត្ស (មួយឆ្នាំបើកម្ដង) ជាប្រាក់ណែន,ប្រាក់ស្លឹង,ប្រាក់ហួង ។ ក្នុងរជ្ជកាលស្ដេច មួយអង្គក្រោយសម័យអង្គរបន្តិច មានព្រះនាមមិនប្រាកដ ដោយ រកមាសប្រាក់ដាក់ឃ្លាំងមិនទាន់ ព្រោះស្រុកច្បាំងនឹងសៀម ស្ដេចក៏ត្រាស់បង្កាប់ឲ្យយកសំបកខ្យងបៀ ដែលមាននៅតាមឆ្នេរសមុទ្រ មកឆ្លាក់ត្រាសម្គាល់ ហើយបើកឲ្យពល ចាយ ជាបណ្ដោះអាសន្ន ជំនួសមាសប្រាក់ ប្រៀបដូចគេចាយកាក់ ក្នុងវង់ល្បែងស៊ីសង បច្ចុប្បន្ននេះ ស្ដេចហៅថា ប្រាក់បៀ ។ ដល់ឆ្នាំក៏បើកបៀឲ្យ ហៅថា បើកបៀវត្ស តាមភាសាបាលី ។ ខ្មែរយើងក៏ប្រើពាក្យ បៀវត្សនេះជាប់រហូតសព្វថ្ងៃ ទោះជាបើកលុយឲ្យក៏ហៅថា បៀវត្ស ដែរ ។ ទាហានក្នុងតំណែង សម្រាប់ការពារព្រះរាជធានី ទីរួមខេត្ត។ ពួកនេះជាចាំបាច់ ត្រូវធ្វើពិធីបង្កក់ប្រសិទ្ធិផឹកទឹកសម្បថ ក្នុងមួយ ឆ្នាំពីរដង ដោយតាំងសច្ចាប្រណិធានយ៉ាងម៉ឺងម៉ាត់ ដាច់ខាតមិន ក្បត់ជាតិ សាសនា ព្រះមហាក្សត្រ ។ ឯទាហានក្រៅតំណែង គឺទាហានបម្រុង ជាទ័ពអ្នកស្រុកក្មេងៗ ដែលរាជការកែនមក ជួយច្បាំងម្ដងម្កាល ។ កាលណាចប់សង្គ្រាម ក៏រំសាយឲ្យវិលទៅ ជួបកូនប្រពន្ធ ធ្វើស្រែចម្ការវិញ ចំពោះអ្នកដែលនៅរស់ ឬពិការ ។ ឯអ្នកដែលស្លាប់ ព្រះរាជាតែងតែចំណាយព្រះរាជទ្រព្យធ្វើបុណ្យ គោរពវិញ្ញាណក្ខន្ធ និងប្រទានមាសប្រាក់ជូនគ្រួសារសពជានិច្ច ដើម្បីតបស្នងសងគុណ ដែលបានពលីជីវិតការពារ ជាតិមាតុភូមិ ។

    ២-កងទ័ពជើងទឹក

    ជារួមមានពលសំពៅ ពលទូក ច្រើនដាក់ពង្រាយការពារ ដែន សមុទ្រ និងទន្លេមេគង្គ ។ ឯថានានុក្រមក៏មិនខុសពីកងទ័ព ជើងគោកដែរ ។ ទ័ពជើងទឹកត្រូវហាត់ធ្វើ សមយុទ្ធក្នុងទន្លេរៀងរាល់ឆ្នាំ ដូចជានៅខេត្តបាសាក់ ព្រះត្រពាំងជំនាន់ព្រះភូបាល ស្ដេចត្រាញ់ឈរត្រួតខេត្ត មានការបើកសមយុទ្ធ នៅទន្លេពាមកន្ថោរ ហើយជាប់ទំនៀមទម្លាប់ក្លាយទៅជាពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែ មកទល់បច្ចុប្បន្ននេះ ។ នៅជញ្ជាំងប្រាសាទបាយ័ន មានរូបចម្លាក់បង្ហាញពីកងទ័ពជើងទឹក របស់ព្រះបាទជ័យវរ្ម័នទី ៧ ច្បាំងគ្នាជាមួយចាម ទុកជាភស្តុតាងស្រាប់ ។

    VII – របៀបបែងចែកទ័ព

    ដើម្បីពង្រឹងកម្លាំងទ័ពឲ្យមានថាមពល គុណភាព និង សណ្ដាប់ធ្នាប់ល្អ បុព្វបុរសខ្មែរ បានបែងចែកកងទ័ពជា ពួក, ក្រុម, កងរយ, កងពាន់, កងទ័ពធំ ។

    – ពួក ៖ ក្នុងមួយពួក (ដូចសាខា) មានកូនទ័ព៣នាក់ និង មេទ័ព១នាក់ រួមជា៤

    – ក្រុម ៖ ក្នុងមួយក្រុមមាន៣ ពួក មានមេក្រុម ឬនាយក្រុម ត្រួតគ្នា១២ នាក់

    – កងរយ ៖ មានសេនា ១០០ នាក់ ឬលើសបន្តិចបន្តួច មានមន្ត្រីយោធា”ម៉ឺន” ឬមេរយកាន់ងារជា ”មេបង្កាប់”

    – កងពាន់ ៖ មានសេនា ១០០០ នាក់ ជួនលើសជួនខ្វះ ។ ១០ កងរយ បានមួយកងពាន់ ។ កងពាន់មានមេពាន់ថ្នាក់ ឧកញ៉ា សក្ដិ ៧ ឬ ៨ ទាបបំផុតត្រឹមថ្នាក់ ហ្លួង សក្ដិ ៥ ហ៊ូពាន់ ទើបកាន់បានមានងារជា ”មេបង្កាប់ការ” ។

    – កងពល ៖ កងពលមានសេនា ១០ ០០០ នាក់ ។ មាននាយម៉ឺន ឬមេពល បើជំនាន់អង្គរ ហៅថា ”ខ្លោញពល” កាន់ងារជា ”មេបញ្ជាការកងពល” ។ មន្ត្រីយោធាថ្នាក់ឧកញ៉ា ឬចៅពញាសក្ដិ៨ ឬ៩ហ៊ូពាន់ ទើបកាន់បាន ។

    – កងទ័ពធំ ឬ កងទ័ពហ្លួង ៖ មានសេនា១០០ ០០០នាក់ ឡើងទៅ ។ កងទ័ពធំ មានព្រះមហាក្សត្រជាមេបញ្ជាការ ។ បើព្រះអង្គមិនបានយាងទៅច្បាំងផ្ទាល់ ក៏ចាត់ឲ្យចៅហ្វាយទទ្ប្ហៈ ឬឧកញ៉ាចក្រី សក្ដិ ១០ហ៊ូពាន់កាន់ជំនួស គ្រងងារជា“មេបញ្ជាការ“ ។ ចំពោះសម្លៀកបំពាក់កងទ័ព កាលពីសម័យអង្គរ ពលម្នាក់ៗមានតែខោស្នាប់ភ្លៅមួយ ដោយមានឈ្នួតក្បាល និងកន្សែងក្រវាត់ចង្កេះផង ។ ឈ្នួតក្បាល និងក្រមាក្រវាត់ចង្កេះ សម្រាប់ផ្លាស់ ដណ្ដប់ពេលដេក ។ ដល់មកសម័យលង្វែកមាន ពាក់អាវលឿង ក្រហម ខៀវ មួកកំពូលស្រួច ខោត្រឹមស្មង មានពាក់ស្បែកជើងចងស្រាក់តាមកងនីមួយៗ កុំឲ្យច្រឡំគ្នា ។ ពេលចេញទៅច្បាំង ម្នាក់ៗមានតែមួយចង្កេះជាប់នឹងខ្លួន បើដាច់ដាចដោយប្រការណាមួយ មេពលស្បៀងភស្តុភារ មានភារកិច្ច បើកឲ្យតាមលទ្ធភាព ។ ពេលមានច្បាំងម្ដងៗ រាជការខេត្ត តែងកេណ្ឌស្រីៗឲ្យបុកអង្ករ ត្បាញរវៃ ធ្វើប្រហុក ត្រីងៀត បម្រើ សមរភូមិមុខ ប៉ុន្តែក៏មានស្រីៗ ជាវីរនារីចេញទៅច្បាំងដូចប្រុសៗដែរ ។ ស្រីជំនាន់នោះ កាត់សក់ផ្កាស្កូវ វាយសៀមបាក់ទាំងផ្ទាំងៗ ។ ក្រៅពីការបែងចែកទ័ព ឲ្យមានរបៀបរៀបរយ ខ្មែរយើងមាន ”ទ័ពបិសាច” ទៀត ។ ទ័ពបិសាចចាប់ប្រភពពីអ្នកតាឃ្លាំងមឿង និងអ្នកតាដំបងដែក កាលដែលលោករស់នៅបានពលីជីវិត ដើម្បីជាតិមាតុភូមិហើយ ទៅកើតជាអសុរកាយ