Hot News


Hot News  Hot News  អាជ្ញាធរថៃ នៅពុំទាន់រកឃើញដំរីព្រៃ ១ក្បាល ដែល​ឆ្លង​ដែន​ពី​​ថៃ ​ចូល​មកស្រុក​ម៉ា​ឡៃ​នៅឡើយ ​សង្ស័យថា វាកំពុងលាក់ខ្លួន​ក្នុង​ព្រៃ​ចម្ការ

អាជ្ញាធរថៃ នៅពុំទាន់រកឃើញដំរីព្រៃ ១ក្បាល ដែល​ឆ្លង​ដែន​ពី​​ថៃ ​ចូល​មកស្រុក​ម៉ា​ឡៃ​នៅឡើយ ​សង្ស័យថា វាកំពុងលាក់ខ្លួន​ក្នុង​ព្រៃ​ចម្ការ

  • 18-Jan-12 | 06:04:30 pm


  • ​ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ ដំរីព្រៃ ១​ក្បាល​ដ៏​ធំ ​ដែល​ឆ្លង​ដែន​ពី​ប្រទេស​ថៃ ​ចូល​មក​ទឹកដី​កម្ពុជា​ ហើយ​កំពុង​លាក់ខ្លួន​ក្នុង​ព្រៃ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ បើ​តាម​សមត្ថកិច្ច​ថៃ​ប្រាប់​សមត្ថកិច្ច​កម្ពុជា​ ឲ្យ​ដឹង​ថា​ ជា​ដំរី​កាច​ ជាន់​មនុស្ស​ ៤​នាក់ ​ស្លាប់​នៅ​​ថៃ​ ហើយ​ដំរី​ព្រៃ​នេះ ​បាន​និង​កំពុង​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ម៉ា​ឡៃ​ មានការ​ភ័យ​ខ្លាច​ ខណៈ​ដែល​​​ដំរីព្រៃ​នោះ​ បាន​ជាន់​របង​ផ្ទះ​ប្រជាពលរដ្ឋ​ធ្វើ​អំពី​ដែក​រង​ការ​ខូចខាត​រាប​ដល់​ដី​ប្រវែង​ ៤ ​ទៅ ​៥​ម៉ែត្រ​ និង​ជាន់​ចម្ការ​ចេក​របស់​អ្នក​ភូមិ​អស់​ចំនួន​ជាង ​៤០​ម៉ែត្រ​ ។​ ប៉ុន្តែ​ ​មក​ដល់​ថ្ងៃទី​១២​ ខែមករា​ ឆ្នាំ​២០១៨​ នេះ  ដំរីនោះ ​មិន​ទាន់​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​នៅឡើយ​ទេ ហើយវា​អាច​នឹង​កំពុង​សម្ងំ​នៅ​ក្នុង​ព្រៃ​ចម្ការរ​នៅ​ក្នុងភូមិ​សាស្ត្រ​ ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ ​។​

    ​លោក​ ឃុន​ សា​រ៉ុ​ម​ នាយករង​តំបន់​ការពារ​ជម្រក​សត្វ​ព្រៃរនាម​ដូន​សំ​ ស្រុក​ម៉ា​ឡៃ​ ប្រាប់​ឲ្យ​ដឹង​ថា​ ដំរីព្រៃ​នោះ ​បាន​ធ្វើ​ដំណើរ​ចេញពី​ភ្នំ​យាយ​សំ ​ប្រហែល ​២០​គីឡូម៉ែត្រ​ និង​បាន​បាត់ដាន​នោះ​ហើយ​ ប៉ុន្តែ​ លោក​សន្និដ្ឋាន​ថា​ ដំរី​នេះ ​បាន​និង​លាក់ខ្លួន​ក្នុង​ព្រៃ​ចម្ការរ​នៅ​ក្នុងភូមិ​សន្តិភាព​ ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ​ នៅឡើយ​​ទេ ​។​ លោក​បន្ដ​ថា​ ដំរី​នោះ​ ជា​ដំរី​កាច​ គ្មាន​ប្រជាជន​ហ៊ាន​ទៅ​ក្បែរ​នោះ​ទេ​ ក្រុមការងារ​របស់​លោក​ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​បាន​ធ្វើការ​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​កុំ​នៅ​ក្បែរ​ដំរី​មួយ​ក្បាល​នោះ​ ។​ បញ្ហា​នេះ​ លោក​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​រួច​ហើយ​ ប៉ុន្តែ​ មិន​ទាន់​ដឹង​ថា ​តើ​ថ្នាក់លើ​មាន​វិធានការ​ ឬ​វិធីសាស្ត្រ​បែប​ណា​ ដើម្បី​គ្រប់​គងរ​ដំរី​នោះ​បាន ​។​

    គួរបញ្ជាក់ថា ​កាលពី​វេលា​ម៉ោង​ ៩​ យប់ ​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ភូមិ​អូរ​ល្វា​ ឃុំ​ជ្រៃ​សីមា​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បានឃើញ​សត្វ​ដំរីព្រៃ​ដ៏​ធំ​មួយ​ក្បាល​នេះ​ បាន​ធ្វើ​ដំណើរ​ឆ្លង​អូរ​ព្រំដែន​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​ ។​ ​​សត្វ​ដំរី​មួយ​ក្បាល​នេះ​ គឺ​បាន​ដើរ​ចេញ​ពី​តំបន់​អភិរក្ស​សត្វព្រៃ​ ក្នុង​ខេត្ត​ឆាក់​ឈើ​ង​សៅ​ ប្រទេស​ថៃ​ ដោយ​បាន​ធ្វើ​ដំណើរ​មក​ដល់​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​ ដែល​មាន​ចម្ងាយ​ពី​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-ថៃ​ ប្រមាណ​ ១​គីឡូម៉ែត្រ​ ។​ នៅ​ពេល​នោះ​ ក្រុម​អភិរក្ស​សត្វព្រៃ ​និង​សមត្ថកិច្ច​ថៃ​ បាន​ធ្វើការ​ទប់ស្កាត់​ដំរី​នោះ​ មិន​ឲ្យ​ចូល​ទឹកដី​កម្ពុជា​ដែរ​ ប៉ុន្តែ ​មិន​អាច​ទប់ស្កាត់​បាន​ គ្មាន​អ្នក​ណា​ហ៊ាន​ចូល​ក្បែរ​សត្វ​ដំរី​នោះ​ឡើយ​ ដំរី​នោះ ​ក៏​បាន​ឆ្លង​ដែន​ចូល​ទឹកដី​កម្ពុជា​ ក្នុងភូមិ​សាស្ត្រ​ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ និង​បាន​ធ្វើ​ដំណើរមក​ដល់​ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ៕

     

    ប្រភព ៖ tvfb